(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាគណៈអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ប្រព័ន្ធគាំពារសង្គមសម្រាប់មន្ត្រីរាជការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ” ដើម្បីបញ្ជ្រាបការយល់ដឹងអំពីអត្ថប្រយោជន៍ ប.ស.ស. ក្រោមសហអធិបតីភាព លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម និងលោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារយេនឌ័រ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលប្រព្រឹត្តទៅនៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីរាជការប្រមាណជា ៣០០នាក់។
សិក្ខាសាលាខាងលើ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងពាក់ព័ន្ធនឹងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម និងសន្តិសុខសង្គម ស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម។
ជាមួយគ្នានេះដែរ លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្ដិសុខសង្គម នៃ ប.ស.ស. បានធ្វើបទបង្ហាញលម្អិតលើប្រធានបទ «អត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការ និងអ្នកក្នុងបន្ទុកមន្ត្រីរាជការ» ដោយក្នុងនោះបានធ្វើការពន្យល់យ៉ាងក្បោះក្បាយអំពីការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា រួមទាំងអត្ថប្រយោជន៍ផ្សេងៗ ដែលមានចែងក្នុងបទប្បញ្ញត្តិ នៃច្បាប់ស្តីពីរបបសន្តិសុខសង្គម ព្រមទាំងបានឆ្លើយតបទៅនឹងសំណួរផ្សេងៗរបស់មន្ត្រីរាជការផងដែរ៕
















