Mail |
  • ភាសាខ្មែរ
  • English
  • មន្ត្រីរាជការថ្នាក់ក្រោមជាតិ នៃខេត្តត្បូងឃ្មុំ ចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ” ដើម្បីស្វែងយល់ពីវឌ្ឍនភាព និងអត្ថប្រយោជន៍ផ្សេងៗ របស់ ប.ស.ស.

    ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាសហអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ” ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តត្បូងឃ្មុំ សរុបប្រមាណជាង ២០០នាក់ នៅសាខា ប.ស.ស. ខេត្តត្បូងឃ្មុំ។
    ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានលើកឡើងថា បច្ចុប្បន្ននៅក្នុងខេត្តត្បូងឃ្មុំ មានមន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា ក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ ប្រធាន/អនុប្រធាន និងសមាជិកភូមិ ប្រធាន/អនុប្រធាន ការិយាល័យប្រជាពលរដ្ឋ អតីតមន្រ្តីរាជការ អតីតយុទ្ធជន បានចុះបញ្ជីជាមួយ ប.ស.ស. សរុបចំនួន ១៣ ៤៩៩ នាក់ ដោយក្នុងនោះមានមេគ្រួសារចំនួន ៣ ០៤៩នាក់ បានយកអ្នកក្នុងបន្ទុករបស់ពួកគាត់ទៅចុះឈ្មោះចូលជាសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ក្នុងនោះមានសហព័ទ្ធចំនួន ២ ០៨០នាក់ និងកូនក្នុងបន្ទុកចំនួន ៤ ៣៨០នាក់។
    ឯកឧត្តមបណ្ឌិតអគ្គនាយករង បានបន្តទៀតថា មន្រ្តីរាជការ ដែលមានអ្នកក្នុងបន្ទុក រួមមាន ប្តី ឬប្រពន្ធ និងកូន បានចុះបញ្ជីជាសមាជិក ប.ស.ស. រួចរាល់ នឹងទទួលបានការគាំពារផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត រួមមាន សេវាពិនិត្យ និងព្យាបាល ដោយមិនព្រួយបារម្ភពីបន្ទុកចំណាយច្រើន នៅតាមមន្ទីរពេទ្យជាដៃគូ ប.ស.ស. រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតពី ប.ស.ស. ផងដែរ។
    ក្នុងឱកាសជាមួយគ្នានោះ ឯកឧត្ដម ម៉ាត់ ហ្គោហ្វូត អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានសម្តែងនូវការអរគុណដល់ថ្នាក់ដឹកនាំ ប.ស.ស. និងជំរុញដល់អ្នកចូលរួមទាំងអស់ត្រូវនាំសមាជិកគ្រួសារក្នុងបន្ទុករបស់ខ្លួន មកចុះឈ្មោះចូលជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា សំដៅធានាបាននូវអត្ថប្រយោជន៍ និងលើកកម្ពស់សុខុមាលភាពគ្រួសារប្រកបដោយភាពកក់ក្តៅ៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ

     

    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.